កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

ផលិតភាពនិងពិពិធកម្ម

គោលដៅសំខាន់របស់ផ្នែកនេះគឺការបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច ហើយអន្តរាគមន៍ រឺសកម្មភាពចំបង​របស់យើង ផ្តោតលើការផ្តល់ចំណេះដឹងអំពីបច្ចេកទេសកសិកម្មថ្មីៗ ជាពិសេសការបង្កើនទិន្នផលតាមរយៈការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលផ្តល់ប្រសិទ្ធ​ភាពខ្ពស់បំផុត។

សកម្មភាពផ្សេងៗក្នុងវិស័យពិពិធកម្ម​ផ្តោតលើការលើកទឹកចិត្តកសិករ​ឱ្យងាកចេញពីការពឹងផ្អែកលើដំណាំស្រូវ ដែលបច្ចុប្បន្នមានតម្លៃថោក ឱ្យ​សាកល្បង​ដាំ​ដំណាំផ្សេងទៀត​ដែលមានផលចំណេញច្រើនដូចជាពោត​ សណ្តែក និងម្ទេស​ជា​ដើម។

វិស័យឯកជនគឺជាតួអង្គដ៏សំខាន់នៅក្នុងប្រព័ន្ធកសិកម្មរបស់ប្រទេសកម្ពុជា ពីព្រោះពួកគេជាអ្នកផ្គត់ផ្គង់​គ្រាប់ពូជ ជី និងថ្នាំកសិកម្ម។​ តាមរយៈការចាប់ដៃគូជាមួយអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម (ពូជ ជី ថ្នាំ) និងអ្នកផ្តល់សេវាកម្ម​កសិកម្ម កាវ៉ាក់​សង្ឃឹមថា​នឹង​អាចផ្តល់​ព័ត៌មាន​កសិកម្ម​គ្រប់គ្រាន់​ដល់គ្រួសារ​​ប្រមាណ​១៣៥ ០០០ ដើម្បីឱ្យ​ពួកគេអាចបង្កើន​ប្រាក់​ចំណូលក្នុងគ្រួសារបាន។

បណ្តុះបណ្តាលអ្នកលក់ថ្នាំកសិកម្ម​ ដើម្បីអោយផ្តល់ព័ត៌មានអំពីការប្រើប្រាស់ថ្នាំកសិកម្ម​អោយបានត្រឹមត្រូវ

ក្រុមហ៊ុន​អាន យ៉ាង (An Giang) ដែលជាផ្នែកមួយនៃសម្ព័ន្ធ Loc Troi របស់ប្រទេសវៀតណាម​ ធ្លាប់បានរៀបចំការប្រជុំកសិករដើម្បីផ្សព្វផ្សាយផលិត​ផលរបស់ខ្លួន​នៅប្រទេស​វៀតណាម។ ប៉ុន្តែដោយ​មានបញ្ហាកង្វះខាតចំនួនបុគ្គលិកនៅកម្ពុជា ក្រុមហ៊ុនអានយ៉ាង និងកាវ៉ាក់គិតថា ការបណ្តុះ​បណ្តាលអ្នកលក់ថ្នាំកសិកម្ម អាចជាវិធីសាស្រ្តល្អជាងគេក្នុងការចែកចាយព័ត៌មានដល់កសិករ។​