ផ្អែកលើបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដែលកម្មវិធីបានវិនិយោគថវិកាដោយផ្ទាល់ កម្មវិធីកាវ៉ាក់សហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ដទៃទៀត អាចទទួលបាននូវចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានតាមរយៈការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹករបស់ខ្លូន ដើម្បីយកទៅអនុវត្តលើការវិនិយោគសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ ការងារនេះគាំទ្រដល់សមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការវិនិយោគធនធានទឹកថ្នាក់ជាតិសំខាន់ៗរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
យុទ្ធសាស្ត្រកម្មវិធីកាវ៉ាក់ សម្រាប់ការពង្រីកការចូលរួម គឺត្រូវបានអនុវត្តស្របជាមួយនឹងកិច្ចបន្តគាំទ្រ ចំពោះប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់។ ការបន្តអនុវត្តភាពជោគជ័យរបស់កម្មវិធី គឺសំខាន់ណាស់ សម្រាប់លើកកម្ពស់កិត្យានុភាពរបស់កម្មវិធីកាវ៉ាក់ ក្នុងនាមអ្នកឯកទេសខាងផ្នែការអភិវឌ្ឍន៍ និងគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។
យុទ្ធសាស្ត្រផ្សារភ្ជាប់កម្មវិធីទៅនឹងការងារគ្រប់គ្រងធនធានទឹក និងធារាសាស្ត្ររបស់កម្មវិធីកាវ៉ាក់ បានកំណត់គោលដៅលទ្ធផល និងវិធីសាស្ត្រយ៉ាងទូលំទូលាយ ដោយមិនកំណត់គោលដៅជាក់លាក់នោះទេ។ យុទ្ធសាស្ត្រនេះត្រូវបានអនុវត្ត ដោយប្រើប្រាស់វិធីសាស្ត្រដ៏ប្រិតប្រៀន សម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលមានការយកចិត្តទុកដាក់ខ្លាំងលើលក្ខណៈនៃដំណើរការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងលទ្ធផលបច្ចេកទេស។
ដើម្បីសម្រេចបានលទ្ធផលនេះ កម្មវិធីកាវ៉ាក់អនុវត្តនូវចរន្តសកម្មភាពចំនួនបីគឺ ទី១ ការផ្ដល់សេវាកម្មទៅតាមតម្រូវការ (កសិករ), ទី២ ការចូលរួមទៅតាមបញ្ហា (រកដំណោះស្រាយ) និងទី៣ ការពង្រីកចូលរួមជាមួយភាគីពាក់ព័ន្ធឲ្យកាន់តែច្រើន ដើម្បីបង្កើនការយល់ដឹងពីមេរៀន និងបទពិសោធន៍ពីការអនុវត្តកម្មវិធីកាវ៉ាក់។