វិសាលភាពនៃគោលបំណងកម្មវិធី
ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលទំនើប និងមានតម្លៃសមរម្យ គឺពិតជាសំខាន់ណាស់ចំពោះវិស័យកសិកម្មដែលអាចផ្តល់ផលចំណេញ។ នៅក្នុងដំណាក់កាលទី២នេះ កម្មវិធីកាវ៉ាក់បានសង់ប្រឡាយចំនួន១០ នៅក្នុងខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តតាកែវ។
កសិកម្មគឺជាវិស័យសំខាន់មួយដែលបន្តទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន ហើយរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ដូចនេះ វិស័យមួយនេះចាំបាច់ត្រូវតែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីកាវ៉ាក់ បាននឹងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅនេះ តាមរយៈការជួយឱ្យវិស័យនេះអាចផលិតនូវផលិតផលកសិកម្ម កាន់តែមានគុណភាព និងមានតម្លៃខ្ពស់ និង ជ្រោមជ្រែងដៃគូរដ្ឋាភិបាល ដើម្បីផ្ដល់នូវបរិយាកាសមួយដែលជួយជំរុញសមត្ថភាពប្រកួតប្រជែង។
វិសាលភាពនៃគោលបំណងរបស់កម្មវិធីកាវ៉ាក់ គឺលើកកម្ពស់វិស័យកសិកម្មអោយមានភាពធន់ទ្រាំ និងភាពប្រកួតប្រជែងខ្ពស់ សម្រាប់ការអភិវឌ្ឍដែលមានលក្ខណៈបរិយាប័ន។
ដើម្បីសម្រេចគោលបំណងនេះ កម្មវិធីកាវ៉ាក់ ផ្តល់គាំទ្រការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តកសិកម្មដែលអាចផ្តល់ផលចំណេញ និងការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ។
កម្មវិធីកាវ៉ាក់នៅដំណាក់កាលទី១ បានចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥ និងជាការវិនិយោគទីមួយរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលអនុវត្តវិធីសាស្ត្រពង្រឹងប្រព័ន្ធទីផ្សារ។ ដោយមានបម្រែបម្រួលវិជ្ជមានដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុងអនុវិស័យកសិកម្មនានា កម្មវិធីក៏បានបង្កើតវិធីសាស្ត្រ “ការបង្ហាញតឹកតាងនៃទស្សនទាន” សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធធារាសាស្ត្រប្រកបដោយនិរន្តភាព ដែលដឹកនាំដោយ សហគមន៍។ កម្មវិធីកាវ៉ាក់ដំណាក់កាលទី១នេះ ទទួលបានជោគជ័យល្អ ដែលធ្វើឱ្យរដ្ឋាភិបាលអូស្ត្រាលីសម្រេចបន្តការវិនិយោគរបស់ខ្លួន សម្រាប់កម្មវិធីកាវ៉ាក់ដំណាក់កាលទី២ ដែលបានកំពុងដំណើរការចាប់ពីឆ្នាំ២០១៦ រហូតដល់ចុងឆ្នាំ២០២១។
បើទោះជារយៈពេលកម្មវិធីនៅសល់មិនដល់២ឆ្នាំទៀតក៏ពិតមែន កម្មវិធីកាវ៉ាក់នៅតែរក្សាជំហរឲ្យមានភាពពាក់ព័ន្ធទៅនឹងបរិបទនៃការអភិវឌ្ឍជានិច្ច។
ការរីករាលដាលនៃជំងឺកូវីត១៩ ដែលបានចាប់ផ្ដើមកាលពីដើមឆ្នាំ២០២០ បានធ្វើឱ្យសមិទ្ធផលរបស់កម្មវិធីកាវ៉ាក់សម្រាប់រយៈពេលយូរអង្វែង កាន់តែសំខាន់ជាងមុនទៅទៀត។ ខណៈដែលការរីករាលដាលនៃជំងឺកូវីត១៩ កំពុងបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច កម្មវិធីកាវ៉ាក់នៅរក្សាជំហររឹងមាំ ក្នុងការជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចនូវគោលបំណងរក្សាសន្តិសុខស្បៀងអាហាររបស់ខ្លួន និងគាំទ្រឱ្យវិស័យកសិកម្ម ឲ្យមានការរួមចំណែកដ៏សំខាន់ដល់ការស្ដារ សេដ្ឋកិច្ចជាតិឡើងវិញ។