កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

វិធីសាស្រ្តរបស់យើង

បុគ្គលិកាវ៉ាក់ធ្វើការជាក្រុមតូចៗ។ ពួកយើង​ចាប់ផ្តើមដោយចុះផ្ទាល់ទៅពិភាក្សាជាមួយកសិករ និងក្រុមហ៊ុនដើម្បីស្វែងយល់ពីដំណើរការទីផ្សារ ឧបសគ្គដែលពួកគាត់ជូបប្រទះ និងឱកាស​ជម្រុញឱ្យ​មានកំណើន​ប្រាក់​ចំណូល។
ក្រុមហ៊ុនឯកជន​នានា​​មានតួនាទីស្នូលនៅក្នុងប្រព័ន្ធកសិកម្មនៅកម្ពុជា ដោយលក់ធាតុចូលសំខាន់ៗ ដូចជាជី ថ្នាំ និង​ប្រមូលទិញផលិតរបស់កសិករដូចជាស្រូវ​ និងបន្លែផ្សេងៗ។ ដើម្បីអាចធ្វើការជាមួយ កសិករ​បាន​ក្នុងចំនួនអតិបរមា កាវ៉ាក់​តែង​តែ​ធ្វើការជាមួយវិស័យឯកជន ដើម្បី​ទាញប្រយោជន៍ពីបណ្តាញរបស់គេ ក្នុងការចែកចាយព័ត៌មាន និង​បច្ចេកទេស​ថ្មីៗ​ដល់​សហគមន៍​ជនបទ។

កាវ៉ាក់មិនមែនជាអ្នកផ្តល់ជំនួយ ឬ ជាអង្គការ ដូច​ដែល​យើង​ធ្លាប់​ឃើញ​​កន្លង​មក​ទេ។ កាវ៉ាក់​ចូលរួម ​ចាប់​ដៃគូជាមួយក្រុមហ៊ុនឯកជនទាំងឡាយណា ដែល ​វិនិយោគ​ជា​ថវិកាក្ដី​និងធនធានផ្សេងៗក្ដី។

និរន្តរភាពគឺជាមូលហេតុមួយទៀតដែល​នាំ​យើង​ឱ្យ​ធ្វើការជាមួយវិស័យឯកជន ដោយសារ​ក្រុមហ៊ុន​ឯកជន​នឹងនៅតែ​មានវត្តមានតាមមូលដ្ឋាន បើទោះជាកម្មវិធី​កាវ៉ាក់​ចប់ក្តី។ ដោយធ្វើការ​ជាមួយ​ក្រុមហ៊ុន ឯកជន​ទាំង​នោះ​ កាវ៉ាក់អាចពង្រីកឥទ្ធិពល​របស់​ខ្លួន​ដោយប្រយោល ទៅ​ដល់​កសិករ​ក្នុង​ចំនួន​ដ៏ច្រើន ធ្វើឱ្យ​ការ​ប្រើ​ប្រាស់​ថវិកា​គម្រោង​បាន​ប្រសិទ្ធភាព​ខ្ពស់។