កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

របៀបធ្វើការរបស់យើង

កាវ៉ាក់គីជាគម្រោងដំបូងគេរបស់រដ្ឋាភិបាលអូស្រ្តាលីនៅកម្ពុជាដែលអនុវត្តវិធីសាស្រ្តទីផ្សារ។ នេះមានន័យថា បើអាចធ្វើបាន យើងតែងតែសហការជាមួយដៃគូក្នុងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូជាប្រព័ន្ធនៅក្នុងទីផ្សារផ្គត់ផ្គង់ផលិតផលឲ្យកសិករ ព្រោះពួកគេដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធកសិកម្ម ដោយធ្វើការលក់វត្ថុធាតុដើមសំខាន់ដូចជា គ្រាប់ពូជនិងជី ហើយនិងធ្វើការទិញយកកសិផលដូចជា ស្រូវ និងបន្លែ។

និរន្តរភាព គឺជាហេតុផលមួយផ្សេងទៀតដែលយើងធ្វើការងារជាមួយវិស័យឯកជន ដោយសារតែពាណិជ្ជកម្មជាទូទៅនៅតែបន្តវត្តមាននៅក្នុងសហគមន៍ បើទោះជាកម្មវិធីផ្តល់ជំនួយបញ្ចប់ក្តី។ ទន្ទឹមនឹងនេះ តាមរយៈការធ្វើការជាមួយក្រុមហ៊ុន កាវ៉ាក់អាចបញ្ជ្រាបខ្លួនដោយប្រយោលទៅដល់កសិករក្នុងបរិមាណដ៏ច្រើន ដែលនឹងផ្តល់មកនូវតម្លៃនៃទឹកប្រាក់កាន់តែច្រើនជាងមុន។ អន្តរាគមន៍របស់យើង ត្រូវបានរៀបចំជាចេញជា៣ផ្នែក៖

ផលិតភាព និងពិពិធកម្ម

លើកកម្ពស់ទិន្នផលតាមរយៈការធ្វើការនៅក្នុងទីផ្សារជី និងថ្នាំកសិកម្ម ព្រមទាំងលើកទឹកចិត្តដល់ការធ្វើពិពិធកម្មដំណាំផ្សេងៗ រួមមាន ដំឡូងមី ម្ទេស សណ្តែក និងពោតជាដើម។

ធារាសាស្រ្ត និងការគ្រប់គ្រងទឹក

ផ្នែកនេះបានអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តចំនួន២០កន្លែងរួចមកហើយតាំងពីឆ្នាំ២០១០ ហើយនឹងធ្វើការកសាងប្រព័ន្ធបន្ថែមមួយចំនួនទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។ យើងក៏នឹងបន្តធ្វើការហ្វឹកហ្វឺន និងគាំទ្រដល់សហគមន៍ក្នុងការប្រើប្រាស់ និងការថែទាំប្រព័ន្ធទាំងអស់នេះ។

វិស័យពូជនិងការនាំចេញអង្ករ 

លើកកម្ពស់ប្រភេទពូជស្រូវ ព្រមទាំងធានាឱ្យបាននូវគុណភាព និងស្ថិរភាពពូជ ដើម្បីឱ្យស្របទៅនឹងតម្រូវការទីផ្សារនាំចេញអង្ករ។ ផ្នែកនេះ ធ្វើការយ៉ាងជិតស្និតជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម ក្រុមហ៊ុនផលិតពូជ សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីគាំទ្រទៅដល់គោលដៅនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។