កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

ភាពជាដៃគូ

ជារឿយៗ កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) ធ្វើការផ្ទាល់ជាមួយវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដោយហេតុថាវិស័យនេះដើរតួយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធកសិកម្ម ជាអ្នក​ផ្គត់ផ្គង់​វត្ថុធាតុដើម (ធាតុចូល) សំខាន់ៗដូចជា គ្រាប់ពូជ និងជី និង​ជាអ្នក​ទិញ​កសិផលរបស់កសិករ (ធាតុចេញ) ដូចជាស្រូវ និងបន្លែ។

មូលហេតុសំខាន់​មួយទៀតក្នុងការ​ចាប់ដៃគូជាមួយវិស័យឯកជនគឺ និរន្តរភាព ដោយសារតែវិស័យនេះ​នឹង​នៅតែ​បន្តអាជីវកម្ម​របស់​ខ្លួនជាមួយកសិករ​ ក្រោយពេលដែលកម្មវិធីជំនួយត្រូវបានបញ្ចប់។ ទន្ទឹមគ្នានេះដែរ​ ការ​ចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនផ្តល់លទ្ធភាពឲ្យ​កាវ៉ាក់ អាចឈោងដោយ​ប្រយោល​ទៅដល់កសិករជាច្រើន​ និងសម្រេចបាននូវតម្លៃ​វិនិយោគកាន់​តែ​ច្រើន​សម្រាប់​ថវិកា​ជំនួយ​។

មូលនិធិសម្រាប់គាំទ្រគំនិតផ្តួចផ្តើមអាជីវកម្ម

កាវ៉ាក់គាំទ្រក្រុមហ៊ុនទាំងឡាយណាដែលសាកល្បងគំរូអាជីវកម្ម សេវាកម្ម និងឬ បច្ចេកវិទ្យាថ្មីៗ តាមរយៈមូលនិធិសម្រាប់គាំទ្រគំនិតផ្តួចផ្តើមអាជីវកម្ម (BIF) ប្រសិនបើសកម្មភាពទាំងនោះឈានទៅរកការ​បង្កើត​គំនិតផ្តួចផ្តើមថ្មីៗក្នុងការជួយកសិករ។ កាវ៉ាក់មានគោលបំណងចូលរួមវិនិយោគក្នុងសកម្មភាពទាំងនោះ ប្រសិនបើលក្ខខណ្ឌនានាត្រូវបានបំពេញ។

កាវ៉ាក់កំណត់វិស័យអាជីវកម្មប្រកបដោយសក្តានុពលក្នុងការជួយកសិករ និងស្វាគមន៍រាល់សំណើឬការដាក់ពាក្យពីក្រុមហ៊ុនដែលកំពុងធ្វើការក្នុងវិស័យទាំងនេះ។ កាវ៉ាក់លើកទឹកចិត្តឲ្យមានការដាក់ពាក្យជាច្រើនពីក្រុមហ៊ុនផ្សេងៗគ្នា។

ការអនុម័តសំណើចុងក្រោយ​ គឺអាស្រ័យលើការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងគ្រប់គ្រាន់ និងមានគុណភាព។ គុណភាពត្រូវបានវាយតម្លៃដោយគណកម្មការ ចំណែកការប្តេជ្ញាចិត្តគឺតាមរយៈការចូលរួមចំណែករបស់ក្រុម ហ៊ុន។

ការស្តាប់ដើម្បីយ​ល់​ពីកសិករ

កាលពី៣ឆ្នាំមុន ប្រធានផ្នែកលក់នៃក្រុមហ៊ុនប៉ាប៉ាយ៉ា ត្រេឌីង​ លោកតាន់ ផល្លា បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពីបច្ចេកទេសដំណាំស្រូវ និងរបៀបលក់ផលិតផលឲ្យបាន​ច្រើន​ ជាមួយនឹងអ្នកតំណាងលក់ពីក្រុមហ៊ុនជី ១២ផ្សេងទៀត។ លោកផល្លាបានលើកឡើងពី​ចំនុចសំខាន់ដែលគាត់បានស្វែងយល់ពីការលក់ជី​ឲ្យ​បាន​ច្រើន នោះគឺ​អាស្រ័យ​លើ​ការ​កសាងទំនាក់ទំនងជាមួយអតិថិជន និងការផ្សព្វផ្សាយ​ព័ត៌មានបន្ថែមរបស់​ក្រុមហ៊ុន​។ លោកផល្លាបានប្រាប់ដូច្នេះថា៖ “ពួកយើងបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តលក់របស់​យើង ពីព្រោះកាវ៉ាក់បានបង្រៀនយើងឱ្យចេះស្តាប់ពីតម្រូវការ​របស់​អតិថិជន ​ជាជាង​ការប្រកួតប្រជែងទៅលើតម្លៃលក់។ ការផ្តល់ដំបូន្មាន និងព័ត៌មាន​ ដែល​ជួយបង្កើនទិន្នផលរបស់កសិករ នឹង​អាចអោយយើងលក់ផលិតផលបានច្រើនជាងមុន” ។

បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ​ លោកផល្លានឹងធ្វើការបណ្តុះបណ្តាលបន្ត​ទៅដល់​បុគ្គលិករបស់គាត់ពីរបៀបប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ​ និងចែករំលែកនូវចំណេះដឹងដែលបានរៀនសូត្រ​ទៅដល់អ្នកលក់​ផលិតផល​របស់គាត់។

យោង​តាម​លទ្ធផលនៃ​ការ​សិក្សារបស់​កាវ៉ាក់ ការប្រើប្រាស់ជីអោយបានត្រឹមត្រូវអាចជួយឲ្យកសិករ បង្កើនទិន្នផលបានរហូតដល់ ១០ភាគរយ បន្ថែមទៀត។ នៅពេលដែលមានការ​ផ្សព្វផ្សាយ​ដំបូន្មាន និងព័ត៌មានថ្មីៗអំពីការប្រើប្រាស់ជី នោះកសិករ នឹងងាកទៅរកអ្នកលក់ជី និងក្រុមហ៊ុន ដើម្បីធ្វើការប្រឹក្សាយោបល់កាន់តែច្រើនឡើង។

ការរក្សាឱ្យបាននូវលទ្ធភាពប្រកួតប្រជែង

នៅពេលលោក យឹម សារឹទ្ធ ចាប់ផ្តើមការងារដំបូងជាអ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ អោយក្រុមហ៊ុនជី ឡាយ សេង គាត់បានដឹងតិចតួចបំផុតអំពីជីកសិកម្ម​ និងការលក់ផលិតផលនេះ ។

លោក សារឹទ្ធបាននិយាយ​ថា គាត់បានលឺពីកាវ៉ាក់ពីអ្នកចែកចាយបន្តមួយចំនួន ហើយគាត់ក៏បានមករកកាវ៉ាក់ ដើម្បីរៀនពីរបៀបពង្រីកសេវាព័ត៌មានរបស់ក្រុមហ៊ុនគាត់​។

កាវ៉ាក់បានជួយក្រុមហ៊ុន ក្នុងការ​ពង្រឹងនូវ​ចំនេះដឹងរបស់​បុគ្គលិក​ ស្តីពីបច្ចេកទេសដំណាំស្រូវ និងការប្រើប្រាស់ជី ព្រមទាំងសមត្ថភាពរបស់​ពួកគេក្នុង​ការ​ផ្តល់ជូននូវសេវាព័ត៌មានដ៏មានប្រសិទ្ធភាពតាមរយៈការប្រជុំជាមួយកសិករ និងការធ្វើស្រែបង្ហាញដែលមានការចូលរួមយ៉ាង​ផុសផុលពីកសិករ។

ដោយមានកំនើនក្នុងការលក់ ក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកបច្ចេកទេសចំនួន ២រូប និងទិញឡាន ១គ្រឿង​ បន្ថែមទៀត សម្រាប់ពង្រីកការងារផ្សព្វផ្សាយ​របស់ខ្លួន។ នាពេលបច្ចុប្បន្នបុគ្គលិករបស់ក្រុមហ៊ុន ឡាយ សេង មានសមត្ថភាពរៀបចំស្រែបង្ហាញ និងការប្រជុំកសិករ ប្រកបដោយទំនុកចិត្ត។

លោក សារឹទ្ធបានឲ្យដឹង​ថា “ពួកយើងគឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលធ្វើការនាំចូលជីពីប្រទេសថៃ ហើយបច្ចុប្បន្ន មានក្រុមហ៊ុន១៤ ផ្សេង​ទៀត ក៏កំពុងនាំចូលផលិតផលជីពីប្រទេសថៃដែរ។ ខណៈពេលដែលមានការប្រកួតប្រជែងកាន់តែកើនឡើង យើងក៏បានបង្កើនការប្រជុំកសិករតាមភូមិ ពី៤ដង ទៅដល់១០ដងក្នុង១ខែ និងរៀបចំស្រែបង្ហាញចំនួន ៧ដងក្នុង១ឆ្នាំ។”

ការ​ជួយកសិករតាមរយៈការធ្វើការជាមួយវិស័យឯកជន

កាវ៉ាក់ គឺជាកម្មវិធីកសិកម្ម​ដំបូងបង្អស់ដែល​ប្រើប្រាស់​វិធីសាស្រ្ត​អភិវឌ្ឍទីផ្សារ​ ដើម្បីអនុវត្តគម្រោង ដែលជា​ជំនួយពី​ក្រសួងការបរទេស និងពាណិជ្ជកម្ម របស់រដ្ឋាភិបាលអូស្ត្រាលី។

បើតាមប្រសាសន៍របស់លោក Pieter Ypma ប្រធានផ្នែកកសិពាណិជ្ជកម្ម និងប្រព័ន្ធព័ត៌មាន របស់កាវ៉ាក់ “គោលបំណងរបស់យើង គឺជួយកសិករ ហើយពេលខ្លះវិធីសាស្រ្តដ៏ល្អបំផុតដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ គឺតាមរយៈការធ្វើការជាមួយអ្នកផ្គត់ផ្គង់នៅផ្នែកខាងលើនៃខ្សែសង្វាក់តម្លៃកសិកម្ម”។

ដើម្បីវាស់ស្ទង់ពីប្រសិទ្ធភាពនៃភាព​ជាដៃគូជាមួយក្រុមហ៊ុន កាវ៉ាក់សួរកសិករថាតើសកម្មភាពអន្តរាគមន៏ នោះបានជួយពួកគេតាមរបៀបណា។ រាល់សកម្មភាពទាំងអស់របស់យើង តែងតែមានការចូលរូមវិនិយោគយ៉ាងតិច ៣០% ពីក្រុមហ៊ុនឯកជន ហើយការចូលរួមវិនិយោគរបស់ក្រុមហ៊ុននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​បស់គេ ក្នុងការសម្រេចឲ្យបាននូវលទ្ធផលដែលបានព្រមព្រៀងគ្នា។

លក្ខណៈពិសេសមួយនៃការអនុវត្តការងាររបស់កាវ៉ាក់ គឺនិរន្តរភាព។ ជាទូទៅ ការងារដែលផ្អែកលើថវិកាជំនួយតែងតែមានលក្ខណៈបណ្តោះអាសន្ន ប៉ុន្តែប្រសិនបើការងារនេះធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជាមួយវិស័យឯកជន នោះវានឹងនៅតែបន្តសកម្មភាព បើទោះជាជំនួយត្រូវបានបញ្ចប់ក្តី។